ក្រុមស្ទាវប្រដាប់ដោយដាវសាម៉ូរ៉ៃគ្នា១៤នាក់ ដែលព័ទ្ធកាប់យុវជនម្នាក់ស្ទើរស្លាប់កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់បាន៣នាក់ហើយនៅថ្ងៃទី៤ ខែកុម្ភៈ និងកំពុងតាមប្រម៉ាញ់បន្ត ខណៈមុខសញ្ញា និងភិនភាគត្រូវនគរបាលដឹងអស់ហើយ។ នេះបើតាមលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល។ហេតុការណ៍កាប់យ៉ាងសាហាវដូចក្នុងរឿងហុងកុងនេះ បានកើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី នៅរមណីយ៍ដ្ឋានជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។


ជនសង្ស័យទាំង៣នាក់រួមមាន៖ទី១៖ ឈ្មោះ ទិត ទីន ទី២៖ ឈ្មោះ ទិត ពន្លឺ អ្នកដឹកនាំធ្វើសកម្មភាព ទី៣ឈ្មោះ ហាន់ សុខឆេង។រីឯជនរងគ្រោះឈ្មោះ ភុំ សាមុត អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

នគរបាលបានរៀបរាប់សាច់រឿងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយលេងលើកញ្ចុះក្នុងរមណីយដ្ឋាន ជន្លុងម្លូស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ជាមួយមិត្តភក្ត្រ៩នាក់ ក្នុងនោះមានស្រី០៤នាក់។ពេលនោះស្រាប់តែមានជនសង្ស័យ និងបក្ខពួកមានគ្នា១៤នាក់ បានជិះម៉ូតូ០៧គ្រឿង មកជួបគ្នានៅកន្លែងកញ្ចុះ អង្គុយលេង ហើយដេញកាប់ទៅលើបក្ខពួកមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ មានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ទៅទិសខាងកើតហើយក៏ឃើញជនរងគ្រោះឈរនៅមុខកញ្ចុះមានកាន់ដាវជាប់នឹងដៃ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងកញ្ចុះជនរងគ្រោះវិញ។


ហើយបានសួរទៅជនរងគ្រោះថា ឯងមានស្គាល់ពួកជិះម៉ូតូនោះ ឬអត់ជនរងគ្រោះឆ្លើយតបវិញថាមិនដែលស្គាល់ទេ ពេលនោះបក្ខពួកជនសង្ស័យបានសួរទៅជនរងគ្រោះទៀតថា បើឯងមិនស្គាល់ម៉េច ក៏ឯងមានដាវកាន់នឹងដៃ បន្ទាប់មកបក្ខពួកជនសង្ស័យ បាននិយាយទៀតថា បើឯងមិនស្គាល់ពួកវា អញកាប់ពួកឯងដែរ ពេលនោះជនរងគ្រោះ បានយកដាវដែលខ្លួនកាន់ជាប់នឹងដៃនោះកាប់ទៅលើបក្ខពួកជនសង្ស័យមុន១ដាវ ទើបជនសង្ស័យ និងបក្ខពួកបាននាំគ្នាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ។

បន្ទាប់មកជនសង្ស័យ និងបក្ខពួក បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ត្រ និងក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ