សម្តេចក្រឡាហោម ស ខេង ចោទសួរថា តើជាកំហុសរបស់ប្រជាពលរដ្ឋទេ នៅពេលពួកគាត់ខិតខំធ្វើស្រែរហូតលើសផែនការគ្រោងទុក បែរជាខ្វះខាតទឹកទៅវិញ
ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ចោទសួរថា តើជាកំហុសរបស់ប្រជាពលរដ្ឋទេ នៅពេលពួកគាត់ខិតខំធ្វើស្រែរហូតលើសផែនការគ្រោងទុក បែរជាខ្វះខាតទឹកទៅវិញ ។សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា ប្រជាកសិករ បានខិតខំប្រឹងប្រែងក្នុងការបង្ករបង្កើនផលស្រូវរដូវប្រាំង តាមផែនការ តែ២១០០០ហិកតានោះទេ ដោយសារតែទឹកមានកម្រិតផ្គត់ផ្គង់ស្រោចស្រប់បានប៉ុណ្ណឹង។ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះកសិករបានធ្វើស្រែរហូតដល់ជាង៥ម៉ឺនហិកតាដូច្នេះបរិមាណទឹកដែលយើងមានអត់គ្រប់។
សម្តេចក្រឡាហោម ស ខេង ចោទសួរថា តើជាកំហុសរបស់ប្រជាពលរដ្ឋទេ នៅពេលពួកគាត់ខិតខំធ្វើស្រែ ឧស្សាហ៍ព្យាយាម យើងគួរតែលើកទឹកចិត្តគាត់ដែរ ដូច្នេះយើងគួរមានដំណោះស្រាយ ដោយដំណោះស្រាយយើងគួរតែ ប្រឹងប្រែងអោយអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន នឹងនៅពេលក្រោយយើងត្រូវមានផែនការពីចម្ងាយ ប្រសិនបើមានករណីបែបនេះយើងគួរជួយបែបណាបន្ថែមទៀតតាមរយៈការជីប្រឡាយ ឬជីអណ្តូងជាដើម៕