សម្តេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន
នាព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជដំណើរស្តេចយាង ទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតា នាឱកាសដ៏ថ្លៃថ្លានេះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះញាតិវង្សានុវង្ស មន្ត្រីព្រះបរមរាជវាំង និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកស្ថាប័នជាតិសំខាន់ៗ ជាច្រើនរូបទៀត។
ក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងព្រះបរមនាម សម្ដេចព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ យាងពិនិត្យ និងព្យាបាលព្រះរាជ សុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ហើយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលជួយព្រះអង្គ ក្នុងឋានៈជាព្រះប្របមុខរដ្ឋស្ដីទី៕