កូរ៉េខាងជើងប្ដេជ្ញាធ្វើការឆ្លើយតបខាងយោធាទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្រោយយោធាអាមេរិកបង្កើនវត្តមាននៅក្នុងតំបន់
កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា ប្រទេសកូរ៉េខាងជើងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍អំពី "ការឆ្លើយតបដ៏ខ្លាំងក្លាខាងផ្នែកយោធា" ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងលេងល្បែង ដែលនឹងនាំអោយមានភាពសោកស្តាយហើយ។
ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានរិះគន់កិច្ចប្រជុំត្រីភាគីនាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលក្នុងអំឡុងពេលនោះ មេដឹកនាំបានរិះគន់ការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង និងសន្យាកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែខ្លាំង។
យ៉ាងណាម៉ិញ ទីក្រុងព្យុងយ៉ាងបានសាកល្បងកាំជ្រួចជាច្រើននៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដែលបរាជ័យ និងបានបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ចូលទៅក្នុងសមុទ្រនាពេលថ្មីៗនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធ ដែលមានខ្លះពាក់ព័ន្ធនឹងប្រទេសជប៉ុន។
នៅក្នុងកិច្ចចរចាត្រីភាគីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងការទប់ស្កាត់បន្ថែមទៀត និងការពារសម្ព័ន្ធមិត្តអាស៊ីទាំងពីរជាមួយនឹង "សមត្ថភាពពេញលេញ" រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។
គួរជម្រាបថា លោក Choe Son Hui បាននិយាយថា "សមយុទ្ធសង្រ្គាមសម្រាប់ការឈ្លានពាន" របស់ប្រទេសទាំង ៣ បានបរាជ័យក្នុងការកាន់កាប់ភាគខាងជើង ប៉ុន្តែនឹងនាំមកនូវ "ការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាក់ស្តែង និងជៀសមិនរួច" មកលើខ្លួនពួកគេ។ NR