ក្រិក៖អាជ្ញាធរប្រទេសក្រិក បានផ្ដល់ជម្រកដល់ជនចំណាកស្រុករាប់រយនាក់ឱ្យស្នាក់អាស្រ័យនៅលើកោះក្រេត (Crete) ក្រោយពីបានជួយសង្គ្រោះពួកគេចេញពីកប៉ាល់នេសាទដ៏ចាស់ទ្រុឌទ្រោម អំឡុងធ្វើដំណើរតាមសមុទ្រឆ្លងកាត់ទៅកាន់ប្រទេសអ៊ីតាលី ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
កប៉ាល់នេសាទខាងលើនេះ ត្រូវបានអូសយកទៅកាន់កំពង់ផែ Paleochora ស្ថិតនៅភាគខាងត្បូងកោះCrete កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍នេះ ដោយក្រុមមន្ត្រីបានរាប់ចំនួនជនចំណាកស្រុក មុនពេលបញ្ជូនបន្តទៅក្នុងរថយន្ត ។ក្នុងនោះ មន្ត្រីឆ្មាំឆ្នេរសមុទ្រ បានបញ្ជាក់ថា ជនចំណាកស្រុកមានចំនួនប្រមាណជា ៤០០ ទៅ ៥០០ នាក់ ប៉ុន្តែទាំងសញ្ជាតិ និងកន្លែងដែលពួកគេចេញដំណើរមកនោះ គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។
រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ក្រិក ក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប ឱ្យជួយជាបន្ទាន់ជុំវិញបញ្ហាជនចំណាកស្រុក ដោយលោកនឹងស្នើសុំសហភាពអឺរ៉ុប "ធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្តូរទីលំនៅពួកគេ ទៅកាន់ប្រទេសសមាជិកផ្សេងទៀត និងជាផ្នែកមួយនៃសាមគ្គីភាពរបស់សហភាពអឺរ៉ុប" ៕