ជាធម្មតា ប្រជាជនដែលរស់នៅក្នុងប្រទេសមួយតែចង់អោយមានក្រុមហ៊ុនល្បីៗលំដាប់ពិភពលោក មកធ្វើការវិនិយោគរកស៊ីនៅក្នុងប្រទេសរបស់ខ្លួន។ នេះក៍ដោយសារតែគេគិតថា ពេលដែលក្រុមហ៊ុនទាំងនោះ មកវិនិយោគរកស៊ីនៅប្រទេសរបស់ខ្លួនហើយ ច្បាស់ណាស់ប្រជាជនខ្លួននិងមានការងារធ្វើច្រើន ចំណូលជាតិមានការកើនឡើង ហើយកាលណាក្រុមហ៊ុនធំៗទាំងនោះ ទៅដាក់ទីតាំងវិនិយោគនៅប្រទេសណាមួយហើយនោះ មុខមាត់ប្រទេសនោះក៍មានការរីកសោះសាយផងដែរ។ ឧទាហរណ៍ដូចកន្លងទៅ ក្រុមហ៊ុន apple បានសម្រេចបង្កើតរោងចក្រថ្មីរបស់ខ្លួននៅវៀតណាមជាដើម រឿងនេះធ្វើអោយប្រទេសវៀតណាមល្បីមិនណយទេ លើឆាកអន្តជាតិ។ 


បើនិយាយពី Teslaវិញ  Teslaគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ មួយនៅលើពិភពលោក។វាគឺជាក្រុមហ៊ុនដ៍ល្បីរបស់មហាសេដ្ឋីលំដាប់លេខ១ ពិភពលោក លោក Elon Musk ដែលមានទ្រព្យសម្បត្តិសរុបចំនួន១៧៤ពាន់លានដុល្លារអាមេរិក។បច្ចុប្បន្នក្រុមហ៊ុន Tesla មានម៉ូដែលផ្លូវការរបស់ខ្លួនចំនួន ៥ ប្រភេទ៖ Model S, Model 3, Model X, Model Y និងរថយន្តប្រភេទដឹក Cybertruck។ ភាពល្បីល្បាញរបស់ Tesla គឺដោយសារតែជា ប្រភេទរថយន្តអគ្គិសនីមានអត្ថប្រយោជន៍ជាច្រើន ចំណាយតិច   សន្សំសំចៃ ជួយដល់បរិស្ថាន។


មកដល់ពេលនេះ ក្រុមហ៊ុនផ្លូវការ Tesla មានប្រមាណជិត៤០ប្រទេសប៉ុណ្ណោះ នៅលើពិភពលោក ។ ក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់ ដែលមានមុនគេ។ ខណៈបណ្តាលប្រទេសសមាជិកអាស៊ានផ្សេងៗពុំទាន់មាន Show room របស់ Tesla។ បើក្រឡែកមកមើលពីប្រទេសកម្ពុជាវិញ ថ្មីៗនេះពលរដ្ឋកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញក្រុមហ៊ុនរថយន្ត Tesla របស់មហាសេដ្ឋីលំដាប់លេខ១ ពិភពលោក លោក Elon Musk បង្ហាញវត្តមានShowroomខ្លួន ជាមួយនឹង Logo របស់ក្រុមហ៊ុន Tesla យ៉ាងច្បាស់ធំៗ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី។ 

ក្រោយពីដំណឹងនេះលេងឡើងល្បីសុះសាយពេញបណ្តាញសង្គមភ្លាម ប្រជាជនកម្ពុជាមិនតិចនោះទេ មានការរំភើបនិងស្វាគមនចំពោះវត្តមានក្រុមហ៊ុនដ៍ធំលំដាប់ពិភពលោក ដែលបានជ្រើសយកកម្ពុជា ធ្វើជាទីតាំងចែកចាយថ្មីមួយទៀតរបស់ខ្លួន។ 


តែផ្ទុយមកវិញ ខណៈដែលប្រជាជនកម្ពុជាមួយចំនួនកំពុងសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុន Tesla ជ្រើសរើសយកប្រទេសកម្ពុជា ធ្វើជាតំណាងចែកចាយរថយន្តរបស់ខ្លួននេះផងដែរ ក៏មានប្រត្តិកម្មមួយចំនួនពីសំណាក់ប្រជាជនថៃកើតឡើងផងដែរ។ កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ เทรนด์ลงทุน បានសរសេរបែបឌឺដងថា Tesla មិនគួរជ្រើសរើសកម្ពុជា រំលងប្រទេសថៃឡើយ ខណៈដែលប្រទេសថៃ មានភាពអំណោយផលជាងកម្ពុជាឆ្ងាយណាស់ ទាំង ស្ថានភាពនយោបាយ ច្បាប់ សេដ្ឋកិច្ច និងចំនួនប្រជាជនជាដើម ហើយអ្វីដែលពិសេសនោះ គឺអាត្រាពន្ធរថយន្តទាបតែម្ដង ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ថែមទាំងបាននិយាយទៀតថា ក្នុងចំណោមប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ ក្រៅប្រទេសថៃ ក៏មានប្រទេសឥណ្ឌូនេស៊ីមួយទៀតដែរ ដែល Tesla គួរតែពិចារណាមុនកម្ពុជា ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ