នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្រកាសជាផ្លូវការជ្រើសយក សាលាបឋមសិក្សាចតុមុខ ជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ដោយការជ្រើសរើសនេះគឺ ស្របតាមយុទ្ធសាស្ត្រទាំង៩ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា»។
លោករដ្ឋមន្ត្រីបានបន្ថែមថានៅពេលដែលសាលានេះបានអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយហើយនោះសាលាផ្សេងៗទៀតក៏អាចយកធ្វើជាគំរូ និងរៀនសូត្រតាមបានបើទោះមិនបានពេញលេញ ក៏បានមួយចំនួនដើម្បីធ្វើយ៉ាងណាថែរក្សាសុខភាពសិស្សានុសិស្ស ជាពិសេសក្នុងបរិបទកូវីដ១៩ ។
លោករដ្ឋមន្ត្រីបានលើកឡើងថា សុខភាពអ្នកសិក្សាគឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកដល់ការធានាឲ្យបាននូវគុណភាព និងការកើនឡើងនៃអត្រាបញ្ចប់ការសិក្សា ហេតុដូចនេះហើយ ការលើកកម្ពស់សុខភាពសិក្សា មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាមូលដ្ឋានគ្រឺះដ៏រឹងមាំនិងមិនអាចខ្វះបាន។
ឆ្លើយតបនឹងយុទ្ធសាស្ត្រដែលមានចែងក្នុងគោលនយោបាយស្តីពីសុខភាពសិក្សា សាលាបឋមសិក្សាចតុមុខបានអនុវត្តសកម្មភាពសិក្សាជ្រុងជ្រោយមុនគេ ដែលរួមមានការអភិវឌ្ឍនក្របខណ្ឌច្បាប់និងយន្តការការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាពនិងមេត្រីភាព ការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឺះស្ថានសិក្សា ការលើកកម្ពស់ការអប់រំសុខភាព ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព និង ការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សាចតុមុខគឺជាសាលារៀនដំបូងគេដែលបានបើកបវេសនកាលជាប្រវត្តិសាស្ត្រដើម្បីប្រមូលសិស្សានុសិស្សចូលរៀនវិញ ក្រោយថ្ងៃជ័យជំនះ៧ មករា ១៩៧៩ ហើយបច្ចុប្បន្ន សាលាបឋមសិក្សាចតុមុខបានផ្តល់ការអប់រំដល់សិស្សានុសិស្សជាច្រើននាក់រួចមកហើយ៕