ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ កម្លាំងបញ្ជារការដ្ឋានកងអង្គរ័ក្ស ដើម្បីត្រួតពិនិត្យស្ថានភាពបាក់ដាច់ទ្វារទប់ទឹកមួយកន្លែង ដែលបង្កឡើងដោយសារជំនន់ស្ទឹងព្រែកត្នោត ។ 

ទ្វារទប់ទឹកដែលបាក់មួយកន្លែងនេះ មានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាក់ទំនប់តាំងពីម៉ោងប្រមាណជា១២ :៣០នាទីយប់ថ្ងៃទី២៦ ឈានដល់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ ។ ហើយការបាក់ដាច់ទ្វារទប់ទឹកនេះ នៅត្រង់ចំណុចភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានហូរមកពីផ្នែកខាងលើសង្កាត់ទៀន អាចនឹងរងផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។


លោក ឃួង ស្រេង បានបញ្ជារឱ្យកងកម្លាំងធ្វើការជម្លៀសប្រជាជនមកកាន់ទីទួលសុវត្តិភាពជាបន្តបន្ទាប់ និងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងហេតុការណ៍បាក់ទ្វារទឹកនេះទេ ។ ជាមួយគ្នានោះលោក  ឃួង ស្រេង បានធ្វើការណែនាំឱ្យកងកម្លាំង និងមន្ត្រីជំនាញ សហការគ្នា យកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឱ្យវាហូរទៅផ្នែកខាងក្រោមនៃសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ