ការនាំចេញរបស់ថៃក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ ២០២២ ការនាំចេញបានកើនឡើង ១០.៦ ភាគរយធៀបនឹងរយៈពេលដូចគ្នា
បាងកក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយ កាលពីថ្ងៃពុធថា ការនាំចេញរបស់ប្រទេសថៃបានកើនឡើងច្រើនជាងការរំពឹងទុក នៅក្នុងខែកញ្ញា ដែលជួយដោយការកើនឡើងនៃការដឹកជញ្ជូនម្ហូបអាហារ និងទំនិញឧស្សាហកម្ម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ប្រទេសថៃ បានកើនឡើង ៧.៨ ភាគរយ នៅក្នុងខែកញ្ញា ធៀបនឹងឆ្នាំមុន បើធៀបនឹងការព្យាករណ៍មុន កើនឡើង ៤.២០ ភាគរយ នៅក្នុងការស្ទង់មតិរបស់កាសែត Reuters និងធៀបនឹងការព្យាករណ៍ កាលពីខែសីហា កើនឡើង ៧.៥ភាគរយ។
លោករដ្ឋមន្ត្រី Jurin Laksanawisit បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញបានកើនឡើង ១០.៦ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការនាំចូលក្នុងខែកញ្ញា បានកើនឡើង ១៥,៦ ភាគរយធៀបនឹងឆ្នាំមុន ដែលតិចជាងការព្យាករដែលមានការកើនឡើង ២០,០ ភាគរយ។ប្រទេសថៃបានបង្ហាញឱនភាពពាណិជ្ជកម្មចំនួន ៨៥៣ លានដុល្លារក្នុងខែកញ្ញា ធៀបនឹងការព្យាករឱនភាព ចំនួន ២,៩ ពាន់លានដុល្លារ៕