កូរ៉េខាងត្បូង៖ស្ថានភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង នៅតែជាប់គាំងក្នុងវិបត្តិយ៉ាងជ្រៅ ដោយពេលនេះ ប៉ូលិសបានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការចោទប្រកាន់ពី បទបំបះបំបោរ ហើយប្រសិនបើរកឃើញថា លោកពិតជាប្រព្រឹត្តខុសមែន លោកអាចទទួលទោសប្រហារជីវិត ព្រោះថា តាមច្បាប់កូរ៉េខាងត្បូង ការបះបោរគឺជាឧក្រិដ្ឋកម្មដែលហួសពីអភ័យឯកសិទ្ធិប្រធានាធិបតី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNNនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

ការស៊ើបអង្កេតខាងលើធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងចំនួន២ គឺមួយពីគណបក្សប្រឆាំង Rebuilding Korea Party និងមួយទៀតពីក្រុមសកម្មជន ចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់ លោក Yoon ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចោទ អតីតរដ្ឋមន្រ្តីការពារជាតិ លោក Kim Yong-hyun, ប្រមុខកងទ័ព លោក Park An-su និងរដ្ឋមន្រ្តីមហាផ្ទៃ លោក Lee Sang-min ពីបទក្បត់ជាតិ ក៏ដូចជាពីបទចោទប្រកាន់ដទៃទៀត សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។

ការបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួនដែលមិនត្រូវបានធានាដោយអភ័យឯកសិទ្ធិអតីតមន្ត្រីរបស់ប្រធានាធិបតីទេ ដូចនេះបើអ្នកណាប្រព្រឹត្តខុស បើមិនទទួលទោសប្រហារជីវិត ក៏ត្រូវជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។

សូមបញ្ជាក់ជាថ្មី នៅរាត្រីថ្ងៃអង្គារ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ