ភ្នំពេញ ៖ ថ្លែងចំពោះមុខសិស្ស-និស្សិត រាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកដែលលូតលាស់លឿន និងជោគជ័យ គឺចេះរៀនពីខ្លួនឯង ព្រមទាំងរៀនពីកំហុសខ្លួនឯង ហើយចាំយកពីអ្វីដែលខ្លួនឯងជាចំណុចខ្សោយ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី បានណែនាំដល់និស្សិតដែលទទួលបានជ័យលាភីនាពេលនេះ ក៏ដូចជាសិស្ស-និស្សិតដទៃទៀត ត្រូវបន្តការរៀនសូត្របន្ថែមទៀត ដោយត្រូវរៀនពីគ្រប់ទីកន្លែង គ្រប់ពេលវេលា រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯងផងដែរ។ ការរៀនពីខ្លួនឯង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។
សម្ដេច មានប្រសាសន៍ថា «រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការឲ្យខ្ញុំរាប់រយនាក់ គ្រប់វិស័យ អ្នកដែលលូតលឿន ជោគជ័យ គឺចេះរៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង ចាំយកពីអ្វីដែលខ្លួនឯងជាចំណុចខ្សោយ ហើយខិតខំស្រាវជ្រាវ កែសម្រួល»។
សម្ដេច នាយករដ្ឋមន្ត្រី បន្ដថា បុគ្គលម្នាក់ៗ មិនមានឆន្ទៈ និងគ្មានការទទួលស្គាល់នូវចំណុចខ្សោយខ្លួនឯងទេ ទោះបីជាមានអ្នកបង្រៀនដល់ណាក៏ដោយ ក៏បុគ្គលនោះមិនចេះដែរ។ ដូច្នេះ ដើម្បីភាពលូតលាស់ និងជោគជ័យ គឺបុគ្គលម្នាក់ៗ ត្រូវហ៊ានទទួលស្គាល់នូវចំណុចខ្វះខាត ត្រង់ផ្នែកណាមួយ ហើយកែតម្រូវ និងរៀនសូត្រ ព្រមទាំងលើកទឹកចិត្តខ្លួនឯងផងដែរ៕EB