សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរ បន្ដបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសគ្រឿងញៀន ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបន្ដណែនាំអាជ្ញាធរទាំងអស់ ត្រូវបន្ដបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសគ្រឿងញៀន ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គមផងដែរ។
ទន្ទឹមនឹងនេះ សម្ដេច ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ច បានរួមគ្នាបង្ក្រាបក្រុមក្មងទំនើង និងគ្រឿងញៀន។
នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ មិថុនា នេះ សម្តេចធិបតី បានជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។
សម្ដេចធិបតី មានប្រសាសន៍ថា «ឥឡូវសូមអរគុណណាស់ ចំពោះអាជ្ញាធររបស់យើង កម្លាំងសមត្ថកិច្ចខេត្ត ដែលគ្រប់ទាំងអស់ បានខិតខំចេញធ្វើសកម្មភាព ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរគ្រឿងញៀន បងតូច បងធំ ជាពិសេស ក្រុមសាំម៉ារ៉ៃ កាប់អាវ។ បង្ក្រាបប៉ុណ្ណឹងហើយ នៅមិនទាន់អស់ទៀត នៅចេញប្រហើន ចេញមួយរ៉ៃមួយ ងើបមួយក្រុមរ៉ៃមួយក្រុម ដើម្បីឲ្យរៀងកុំឲ្យគាត់ យកគាត់ បំផ្លាញអនាគតរបស់គាត់ បំផ្លាញអនាគតសន្ដិសុខប្រទេសជាតិ សូមបន្ដធ្វើ»។
ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងថា សម្តេច អាណោចអាធមណាស់ នៅពេលឃើញឪពុក ទៅសំពះកូនប្រុស ដែលជាបងធំ៕EB