គំនិត និងការអប់រំ៖ មិនថាក្នុងការបំពេញការងារ ការសិក្សា និងការសម្រេចផែនការអ្វីមួយនោះទេ មនុស្សច្រើនតែងតែមានទម្លាប់អាក្រក់មួយគឺការពន្យាពេលវេលាក្នុងការធ្វើអ្វីមួយ ហើយពាក្យដែលគេនិយមប្រើប្រាស់នោះគឺចាំសិន ហើយទម្លាប់បែបនេះ បានធ្វើឱ្យគេមិនអាចសម្រេចកិច្ចការងារ ឬបំពេញការងារមួយ បានចប់តាមការគ្រោងទុក។
ដើម្បីកាត់បន្ថយនូវទម្លាប់អាក្រក់នៃការពន្យាពេលនេះដែរ យើងនឹងលើកយកនូវវិធីសាស្ត្រចំនួន៣ ដែលមានដូចខាងក្រោម៖
១. តាំងចិត្តធ្វើវាភ្លាម៖ មូលហេតុមួយដែលមនុស្សចូលចិត្តពន្យាពេលដោយសារតែពេលខ្លះពួកគេមើលឃើញការងារនោះថាធំពេក ដូច្នេះអ្នកអាចបំបែកវាឱ្យតូចៗ ហើយធ្វើវាម្ដងមួយៗរហូតដល់អស់។ ឧ.បើការងារនោះមានទំហំធំមួយ អ្នកអាចបំបែកវាជា១០ចំណែកតូចៗ ហើយចាប់ផ្ដើមធ្វើមួយចំណែកៗឱ្យជោគជ័យរហូតអស់១០ចំណែកនោះ។
២. ស្រមៃលទ្ធផលពេលសម្រេច ៖លោកអ្នកចាប់ផ្ដើមស្រមៃពីកិច្ចការងារទាំងនោះថាប្រសិនបើអ្នកសម្រេចវាបាន តើអ្នកនឹងទទួលបានអ្វីខ្លះ? ប្រសិនបើការស្រមៃពីលទ្ធផលនៃមិនសូវមានប្រសិទ្ធភាពហើយ ប្រសិនបើអ្នកមិនធ្វើកិច្ចការងារឥលូវនេះទេ តើអ្នកនឹងជួបនូវបញ្ហា ឬរឿងអាក្រក់អ្វីខ្លះ។ ពេលនោះអ្នកនឹងទទួលបានអារម្មណ៍ជំរុញចិត្តក្នុងការចាប់ផ្តើមធ្វើការងារនោះជាក់ជាមិនខាន។
៣. ឱ្យរង្វាន់ខ្លួនឯងពេលសម្រេច៖ អ្នកត្រូវចេះឱ្យរង្វាន់ដល់ខ្លួនឯងជាអ្វីមួយ ដើម្បីជាកម្លាំងជំរុញចិត្តឱ្យអ្នកកាន់តែខិតខំប្រឹងប្រែងធ្វើវា។ ពេលខ្លះអ្នកគ្មានកម្លាំងចិត្ត ឱ្យខួរក្បាលរបស់អ្នកគិតថា ប្រសិនបើអ្នកធ្វើសម្រេចក៏ហាក់ដូចជាមិនទទួលបានអ្វី ហើយបើទោះមិនធ្វើក៏មិនទទួលបានអ្វី ដូច្នេះបើអ្នកជ្រើសរើសមិនធ្វើគឺវាល្អជាង ដែលនេះហើយជាកត្តាមួយដែលធ្វើឱ្យអ្នកមានទម្លាប់ពន្យាពេលវេលា៕