ភ្នំពេញ៖សហរដ្ឋអាមេរិក បានប្រគល់​រូបចម្លាក់ «​ដងខ្លួន​ព្រះ​នារាយណ៍ ដែលមាន​ព្រះ​ហ​ស្ត​ ៤» ធ្វើ​ពី​ថ្មភក់ លំនាំ​រចនាប័ទ្មសម័យ​មុន​អង្គរ​មួយទៀត ជូន​ដល់​ប្រជាជន​កម្ពុជា​វិញ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ នៅ​ចុងឆ្នាំ​ ២០២២ ​នេះ ជាមួយនឹង​រូប​សំណាក​ប្រមាណ​ ៣០ ​ដុំ​ទៀត ដែល​ត្រូវ​បានប្រគល់​ត្រឡប់មកវិញ​ដោយ​សហរដ្ឋអាមេរិក​។​

 

លោក ហួត សំណាង ប្រធាន​នាយកដ្ឋាន​បុរាណវត្ថុ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រគល់​ទទួល​រូបចម្លាក់​វត្ថុ​បុរាណ​ខ្មែរ​ដ៏​មាន​វ័យ​ចំណាស់ «​ដងខ្លួន​ព្រះ​នារាយណ៍ ដែលមាន​ព្រះ​ហ​ស្ត៤» នោះ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ទីក្រុង​ញូវយ៉ក ដោយមាន​លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Thomas Acocella ជា​តំណាង​រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក​។​

បំណែក​នៃ​រូបចម្លាក់ «​ដងខ្លួន​ព្រះ​នារាយណ៍ ដែលមាន​ព្រះ​ហ​ស្ត​៤» ត្រូវបាន​គេ​លួច​ពី​ប្រាសាទ​មួយ​នៅ​ភា​គ​ខាងកើត​នៃ​ប្រទេស​កម្ពុ​ជានា​ដើម​ទសវត្ស​រិ៍​ឆ្នាំ​១៩៩០ តាម​ទិសដៅ​របស់ DORIS WIENER ដែល​ជា​អ្នកជួញដូរ​វត្ថុ​បុរាណ​ដ៏​ល្បីល្បាញ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ រដ្ឋអាជ្ញា​ស្រុ​ក​ Manhattan នៃ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២​។

 តាមរយៈ​សេចក្ដីប្រកាស​នោះ បំណែក​នៃ​រូបចម្លាក់​ខាងលើនេះ ត្រូវបាន WIENER និង​អ្នក​រួមគំនិត​ផ្សេងទៀត រៀបចំ​ផ្គុំ​ស្ដារឡើងវិញ ហើយ​នៅ​ទីបំផុត​ត្រូវបាន​រត់ពន្ធ​ចូលទៅក្នុង​ស្រុក Manhattan ក្នុង​ឆ្នាំ១៩៩៥ តាមរយៈ​ប្រទេស​ថៃ​។ បន្ទាប់ពី​រូបចម្លាក់​នោះបាន​មកដល់ Manhattan, WEINER បាន​លក់​វា ទៅឱ្យ​អ្នកប្រមូល​ឯកជន​៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ