ភ្នំពេញ៖ នារសៀលថ្ងៃពុធទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីអបអរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ត្រឡប់មកកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងឯកឧត្តម Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អមដោយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តី Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។លោកកោតសរសើរដល់កិច្ចខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧រូបនេះ។
លោកPatrick Murphy ឯកអគ្គរដ្ឋទូត បានប្រកាសពីអំណោយថវិកាថ្មីមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ។ លោកបានមានប្រសាសន៍ថា“សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនដល់ការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានពីសហរដ្ឋអាមេរិក”។
លោកស្រី រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយសចំពោះវត្តមានរបស់ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងយើងខ្ញុំនៅថ្ងៃនេះ ដើម្បីស្វាគមន៍នៃការប្រគល់ត្រឡប់មកកម្ពុជាវិញនូវសម្បត្តវប្បធម៌ខ្មែរចំនួន ២៧រូប៕SP