អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀន និងសារធាតុផ្សំចំនួន៧,៣៥តោន និងត្រូវដុតបំផ្លាញចោលនៅថ្ងៃនេះ
ភ្នំពេញ៖ គ្រឿងញៀនសារធាតុគីមីផ្សំ និងសារធាតុគីមីផ្សេងទៀតចំនួនសរុប ៧,៣៥តោន ត្រូវអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន យកមកដុតបំផ្លាញចោល ស្ថិតនៅភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ពិធីដុតបំផ្លាញចោលនេះ ធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះមានការចូលរួមពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
គួររម្លឹកផងដែរថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី ខណៈគ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤តោន ១០០គីឡូក្រាម១០៨,៧៦ក្រាម និងវគ្គក្រោយទៀត ពោលគឺការបំផ្លាញដោយវិធីសាស្ដ្រ បន្សាបនូវសារធាតុគីមីផ្សំចំនួន៣តោន២៥៤គីឡូក្រាម ដែលជាអាស៊ីតមិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន និងត្រូវរង់ចាំការបន្សាប៕