ភ្នំពេញ៖សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ ត្រូវបានសៀម ដែលជាគូប្រជែងនឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ បារាំងបានយល់ព្រមប្រគល់ ខេត្តបាត់ដំបង និងសៀមរាប ទៅឲ្យសៀម ដែលក្រោយមកទាមទារបានមកវិញ។ នៅដើមឆ្នាំ១៨៦៤ បារាំងបានគាប សង្កត់រាជរដ្ឋាភិបាលបាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យរាជរដ្ឋាភិបាលបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងមកុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀម មានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ ខ្មែរពី សៀម។

ម្យ៉ាងទៀត បរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះប្រទេសទាំង ពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹងចិន គឺចលនាថៃភិញ (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន) ងើបឡើងប្រឆាំងនឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង។ សន្ធិសញ្ញា ថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថា បារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំង សន្យាថា មិនបញ្ចូលប្រទេសខ្មែរ ជាអាណានិគមដូចកម្ពុជាក្រោមឡើយ។ ក្នុងការត្រួត ត្រាដំបូង បារាំងធ្វើវិធីត្រជាក់។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ បារាំងបានឡោមព័ទ្ធរាជ វាំង ហើយគំរាមកំហែង ព្រះបាទ នរោត្តម បង្ខំឲ្យព្រះអង្គ ចុះព្រះហស្តលេខា លើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ ព្រះអង្គ។

ដំណាក់កាលចុងក្រោយ បារាំងបានធ្វើឲ្យ កម្ពុជា ក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មឲ្យ បារាំង ដោយបញ្ចូល កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ទុក្ខវេទនាប្រជាជនកម្ពុជា ក្នុងសម័យអាណានិគមបារាំង បារាំងបានជំរិតទារពន្ធដារ យ៉ាងធ្ងន់ធ្ងរ មានតាំងពីពន្ធមនុស្ស ពន្ធដី ពន្ធលំនៅដ្ឋាន ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម។ល។ ដើម្បីបង់ពន្ធជាប្រាក់កាសឲ្យបារាំង កសិករបានខិតខំពង្រីក ដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក។ល។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០%ក្នុងមួយឆ្នាំ។

ការតស៊ូរបស់ប្រជាជនកម្ពុជា ដោយសារការកេង ប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក ប្រជារាស្ត្រខ្មែរ បានងើប បះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ។ ទោះបីចលនាតស៊ូទាំងនេះ ត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅ ពីសំណាក់ កងទ័ពបារាំងក៏ដោយ តែបានរីកផុសផុលមិនឈប់ឈរ រហូតដល់រជ្ជកាល ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) និងបន្តមកដល់រជ្ជកាលព្រះបាទ នរោត្តម សីហនុ ក្នុងរាជ្យទី១ (១៩៤១-១៩៥៥)។ កម្ពុជានៅចុងសម័យអាណានិគមនិយម ព្រះបាទ នរោត្តម សីហនុ បានសោយរាជ្យក្នុង អំឡុងពេលនៃ សង្គ្រាមលោកលើកទី២។ ពេលនោះដោយ ជប៉ុនមានជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បាន ធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺ បារាំង និងជប៉ុន។

ព្រះបាទ នរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិ ពីអាណានិគមបារាំងជានិច្ច។ ចំណែកបារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើន ដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើតមានទូទាំងផ្ទៃប្រទេស ធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារ សង្គ្រាម។ ដោយយល់ថា ការ ទាមទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការ តស៊ូតាម ផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។ ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្ស គឺ៩០ឆ្នាំដោយគិតចាប់ពី ឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះ ហត្ថលេខានៅឆ្នាំ១៨៦៣ និង ១៨៨៤។ 

នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គ បានឡាយព្រះហត្ថលេខាលើ សន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ ព្រះរាជាណា ចក្រកម្ពុជា។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជ បូជនីយកិច្ច ទាមទារកេតនភណ្ភ ឯករាជ្យ ១០០% ជូនជាតិមាតុភូមិ ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នា ព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។

ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាម ព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ