ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងបង្ការហានិភ័យ នៃការពុលចំណីអាហារ ឬពុលស្រា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្ការហានិភ័យនៃការពុលចំណីអាហារ ឬពុលស្រា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមរយៈសេចក្ដីដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ កញ្ញា បានឱ្យដឹងថា «ដើម្បីធ្វើឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅប្រកបដោយសុខុមាលភាព ក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តនូវវិធានការនានាដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការ សុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ និងការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺ ផ្តាសាយ និងជំងឺកូវីដ-១៩»។
សូមរំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណ និងញាតិសន្តានទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់បរលោក។ ពេលវេលានេះ ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្ដាយ បងប្អូនញាតិមិត្ត ឬធ្វើ ដំណើរកំសាន្តក្នុងក្រុមគ្រួសារ៕