ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៥ ខែតុលា ឆ្នាំ២០២២។

ក្រសួងបានដឹងថា នៅថ្ងៃទី១៩-២១ ខែតុលាកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះនេសាទ ( NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោម នៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ខែតុលា។ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រ ចិនខាងត្បូងបង្កើនឥទ្ធិពល មកលើភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

សម្រាប់ តំបន់ទំនាបកណ្តាលចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច ។

ចំពោះតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀង ក្នុងកំរិតពីតិចទៅមធ្យមលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។តំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ