និស្សិតរាប់រយនាក់ប៉ះទង្គិចគ្នា ជាមួយនគរបាលនៅក្នុងទីក្រុងកូឡុំបូ ទាមទារឱ្យមានការដោះលែងអ្នកដឹកនាំនិស្សិត២ នាក់
ស្រីលង្កា៖ និស្សិតសាកលវិទ្យាល័យរាប់រយនាក់បានប៉ះទង្គិចគ្នា ជាមួយនគរបាលនៅក្នុងទីក្រុងកូឡុំបូ ជាទីក្រុងពាណិជ្ជកម្មរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃសុក្រ ដោយទាមទារឱ្យមានការដោះលែងពីការឃុំខ្លួនអ្នកដឹកនាំនិស្សិតពីរនាក់។
ប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ranil Wickremesinghe បានដាក់បទបញ្ជាឃុំខ្លួនរយៈពេល ៩០ថ្ងៃក្រោមវិធានការទប់ស្កាត់សកម្មភាពភេរវកម្ម ទៅលើសហព័ន្ធនិស្សិតអន្តរសាកលវិទ្យាល័យ។
បទបញ្ជាក្រោមច្បាប់ទប់ស្កាត់ភេរវកម្មបានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍។
និស្សិតតំណាងទាំងពីរនាក់ដែលត្រូវបានឃុំខ្លួន បានដើរតួយ៉ាងសំខាន់ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានឈានទៅដល់ការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Gotabaya Rajapaksa។ អ្នកដឹកនាំនិស្សិតត្រូវបាននាំខ្លួនទៅកាន់តុលាការ និងឃុំខ្លួននៅមន្ទីរឃុំឃាំង។
ក្រុមសិទ្ធិមនុស្សក្នុងតំបន់ និងអន្តរជាតិបានរិះគន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ranil Wick remesinghe ចំពោះការបង្ក្រាបការតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសកោះមួយនេះ ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត។
ប្រទេសស្រីលង្កា ជួបការលំបាក ក្នុងការចំណាយលើការនាំចូលសំខាន់ៗរួមមានទាំងប្រេងឥន្ធនៈ ស្បៀងអាហារ ឧស្ម័នចម្អិនអាហារ និងថ្នាំពេទ្យ។
ការតវ៉ាដែលបានរាលដាលនៅក្នុងខែកក្កដាបានបណ្តាលឱ្យអតីតប្រធានាធិបតីលោក Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែង បន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលការិយាល័យ និងលំនៅឋានរបស់លោក៕