ភ្នំពេញ ៖ នាឱកាសអញ្ជើញ ថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយសារតំបន់នេះ គឺជាតំបន់មានស្ថានភាពក្រីក្រជាងគេ របស់ប្រទេសទាំង៣។

ក្នុងឱកាសអញ្ជើញថ្លែងសារនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយសារ សម្តេចតែម្ដង។

សម្ដេចមានប្រសាសន៍ថា «ឥឡូវសួរថា ហេតុអ្វី បានជាចាំបាច់បង្កើតឡើងនូវតំបន់អភិវឌ្ឍន៍ត្រីកោណនេះ តើចាប់ផ្ដើមអំពីអ្វី យើងត្រូវសិក្សាមើល នៅក្នុងតំបន់របស់យើង គឺតំបន់នៅភូមិភាគឦសាន វៀតណាមមួយផ្នែក និងឡាវមួយផ្នែក នៅជាប់ព្រំប្រទល់មុំ៣ គឺជាតំបន់ក្រីក្រជាងគេ និងលំបាកជាងគេ»។

សម្ដេចបន្ដថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យខេត្តភាគឦសាន របស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ ផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។

សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជាមានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង) ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ