សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង ៦តោន ក្នុងរយៈពេលជាង ៨ខែ ឆ្នាំ២០២២
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជាង៨ខែ ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង ៦តោន។
ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាប សរុប៤៥៦៨ករណី ឃាត់មនុស្សជាង ១ម៉ឺននាក់ (ជនបរទេស១៩២នាក់ ៨សញ្ជាតិ) ។
ប្រភព បានបញ្ជាក់ថា រាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងអស់ សមត្ថកិច្ចកម្ពុជា តែងតែចាត់វិធានការទប់ស្កាត់គ្រប់កាលទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។
សមត្ថកិច្ច ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សូមសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាកប្រើប្រាស់គ្រឿងញៀន ដោយត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ៕EB