ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។


ពិធីបិទសន្និបាត នាពេលព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ។


សូមជម្រាបជូនដែរ គោលបំណងនៃខួប៣០ ឆ្នាំ ក៏ដូចជាពិធីបិទមហាសន្និបាតនេះ គឺដើម្បីអបអរសាទរនូវសមិទ្ធផលជាប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ អន្តរជាតិ និងសហគមន៍សកម្មភាពមីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិតអាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ