ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លិចបំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានជាតិខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហាមឃាត់ការកាប់ទន្ទ្រាន និងការកាប់ឈើធ្វើអាជីវកម្មដែលនាំឱ្យប៉ះពាល់ដល់ធនធានគម្របព្រៃឈើធម្មជាតិយ៉ាងណាក៏ដោយ។

ជាការអនុវត្តការអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានជាតិជាក់ស្តែង នៅថ្ងៃឈប់សម្រាក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ថ្មីនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំក្រុមការងារឧទ្យានបំពេញបេសកកម្មចុះអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានដោយផ្ទាល់។ អំឡុងពេលចុះបេសកម្មនេះ ក្រុមការងារបានបន្តចាប់ឡានដឹកឈើ ម៉ាកសាំងយ៉ុង ពណ៌បៃតង ផ្លាកលេខកណ្តាល 2A-4551 ដែលបានបើកចូលដឹកនាំក្នុងឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយខុសច្បាប់។


នៅពេលប្រតិបត្តិការនេះ អ្នកបើកបររថយន្តដែលជាជនសង្ស័យបានព្យាយាមបើករថយន្តគេចពីក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យាន ដោយបើកគេចចូលទៅទម្លាក់ឈើខុសច្បាប់ចោលនៅផ្ទះពលរដ្ឋមួយកន្លែងដែលរស់នៅក្នុងបរិវេណឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប។


ក្រៅពីបានឃាត់ខ្លួនជនសង្ស័យខាងលើ ក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យាន បានពិនិត្យនៅក្នុងផ្ទះនោះឃើញថា ជាកន្លែងកែច្នៃឈើនៅក្នុងឧទ្យានតែម្តង។


ហេតុផលខាងលើនេះ យើងអាចសន្និដ្នានបានថា ការចាប់ឈើក្នុងព្រៃគឺចាប់មិនបានទេ ព្រោះប្រជាជនរស់នៅក្នុងឧទ្យានជាអ្នកកាប់ កែច្នៃ និង ដឹកចេញនៅក្នុងឧទ្យានតែម្តង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ