ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO 2022 Update) ចេញផ្សាយនៅថ្ងៃនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន ៣៩.៨% ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុបក៏ដោយ។

វិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើនដ៏រឹងមាំ។ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២.៨%។ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើង ៩.១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨.៦% នៅឆ្នាំ ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ក្រៅស្រុក។

នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «ការកើនឡើង នៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យ កសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ