ហេតុការណ៍ធ្លាក់យន្តហោះមួយនៅជ្រលងភ្នំហិមាល័យក្នុងប្រទេសនេប៉ាល់ បណ្តាលឱ្យមនុស្ស៦៨នាក់ស្លាប់
នេប៉ាល់៖ ហេតុការណ៍ធ្លាក់យន្តហោះមួយ បានកើតឡើងនៅថ្ងៃអាទិត្យទី ១៥ មករា នៅភាគកណ្តាលប្រទេសនេប៉ាល់ ដែលស្ថិតនៅតាមជ្រលងជួរភ្នំហិមាល័យ។ យន្តហោះនេះ មានដឹកមនុស្សចំនួន ៧២នាក់ ដែលតាមការស្មាន គឺប្រហែលជាមិនមានអ្នករួចរស់ជីវិតទេ។គិតត្រឹមម៉ោងនេះ មនុស្ស ៦៨ នាក់បានស្លាប់ ខណៈ៤នាក់ទៀតកំពុងបាត់ខ្លួន។
យន្តហោះបានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ រដ្ឋធានីកាតម៉ាន់ដូ ឆ្ពោះទៅកាន់ព្រលានយន្តហោះ Pokhara ភាគកណ្តាលប្រទេស មុននឹងធ្លាក់ក្នុងជ្រលងភ្នំ មិនឆ្ងាយប៉ុន្មានពីគោលដៅ។ យោងតាមរូបភាពបង្ហោះផ្សាយតាមបណ្តាញសង្គម គេឃើញមនុស្សម្នាជាច្រើននាក់ ឈរចោមរោមពីលើទីទួល សំឡឹងទៅមើលយន្តហោះដែលកំពុងឆាបឆេះ ផ្សែងខ្មៅខ្មួលខ្មាញ់។
បច្ចុប្បន្នក្រុមសង្គ្រោះ បានព្យាយាមពន្លត់ភ្លើង និង ស្វែងរកអ្នករស់រានមានជីវិត បើទោះបីជាគ្មានសង្ឃឹមក្តីចំណែករដ្ឋាភិបាលនេប៉ាល់ បានបើកការស៊ើបអង្កេត ស្វែងរកមូលហេតុ បណ្តាលឲ្យធ្លាក់យន្តហោះនេះ ដែលលទ្ធផលស៊ើបអង្កេត និង បង្ហាញឲ្យដឹង ក្នុងរវាង៤៥ថ្ងៃទៀត៕