ដាអេសសាឡាម៖ នាយករដ្ឋមន្ត្រីតង់ហ្សានី លោក Kassim Majaliwa បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះ នៅបឹង Victoria បានកើនឡើងពី ៣ នាក់ដល់ ១៩នាក់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៧ វិច្ឆិកា ២០២២។
លោក Majaliwa ដែលបានទៅទស្សនាកន្លែងធ្លាក់នៅលើច្រាំងនៃបឹង Victoria ក្នុងសង្កាត់ Bukoba ក្នុងតំបន់ Kagera កាលពីរសៀលថ្ងៃអាទិត្យ បាននិយាយថា វាទំនងជាអ្នកដំណើរមួយចំនួននៅតែជាប់ក្នុងបំណែកយន្តហោះនៅឡើយ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលតង់ហ្សានី (TCAA) បាននិយាយថា ជើងហោះហើរ Precision Air លេខ 5H-PWF ដឹកអ្នកដំណើរប្រមាណ៤០នាក់ ពីទីក្រុងដា អេស សាឡាម (Dar es Salaam) ទៅក្រុងកំពង់ផែ ប៊ូគូបា (Bukoba) បានជួបឧប្បត្តិហេតុចុះចត នៅម៉ោង ៨៖៤៥ នាទីព្រឹក ។
សេចក្តីថ្លែងការណ៍បានបន្តថា «យន្តហោះបានចុះចតក្នុងទឹកនៅចម្ងាយប្រហែល ៥០០ម៉ែត្រ មុនកម្រិតកំណត់»។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលតង់ហ្សានី នឹងបន្តធ្វើបច្ចុប្បន្នភាពជាសាធារណៈលើព័ត៌មានបន្ថែម និងដំណើរការនីតិវិធី។ ក្រុមស៊ើបអង្កេតដែលមានបុគ្គលិកបច្ចេកទេស Precision Air និងអ្នកជំនាញអាកាសចរណ៍មកពី TCAA ត្រូវបានបញ្ជូនឱ្យចូលរួមជាមួយក្រុមជួយសង្គ្រោះ។
យ៉ាងណាមិញ ប្រធានាធិបតីតង់ហ្សានី Samia Suluhu Hassan បាននិយាយនៅមុននេះបន្តិចថា លោកស្រីមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មាននៃគ្រោះថ្នាក់នេះ៕