សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធ យកចិត្ដទុកដាក់ពង្រឹងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ទេសចរណ៍
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធយកចិត្ដទុកដាក់ពង្រឹង ការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍ឱ្យមានប្រសិទ្ធភាព។ សម្តេចធិបតីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថាវិស័យឯកជនបានស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋការសម្រាប់ភ្ញៀវទេសចរណ៍ ចំពោះសំណូមពរនេះដែរ សម្តេចធិបតី មានប្រសាសន៍លើកឡើងថា ការពិចារណាលើតម្លៃទិដ្ឋការមិនទាន់ ឆ្លើយតបនឹងបញ្ហានោះទេ ព្រោះកម្ពុជាបាននឹងកំពុងផ្តល់នូវកិច្ចសម្របសម្រួល ជាច្រើនរួចទៅហើយ ជាក់ស្តែង កម្ពុជាបានសម្របសម្រួល តាមរយៈការផ្តល់ទិដ្ឋការ នៅពេលមកដល់, ទិដ្ឋការអេឡិចត្រូនិច ហើយបញ្ហាតម្លៃមិនមែនជារបាំងនៃភ្ញៀវទេសចរណ៍ មកកម្ពុជានោះទេ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា «កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់នោះគឺ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែង កែលំអរ និងសម្រួលឱ្យប្រសើរឡើងនូវនីតិវិធី ដើម្បីឱ្យចូលភ្ញៀវទេចរណ៍មកកម្សាន្ត មានភាពកក់ក្តៅ និងរីករាយទាំងពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។ ជាមួយគ្នានោះ ត្រូវលុបបំបាត់ព័ត៌មាន មិនពិត បំភ្លៃ បញ្ហាកិត្តិនាម ដែលប៉ះពាល់ដល់កម្ពុជាកន្លងមក សម្តេចធិបតីរំលឹកថា កន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលប៉ះពាល់ជាវិជ្ជមានចំពោះកិត្តិនាមរបស់ប្រទេសកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខសុវត្ថិភាព ដែលនេះជាកិច្ចការចាំបាច់ និងជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរ ព្រមទាំងវិនិយោគិនមកកម្ពុជា ដូច្នេះការខិតខំបោសសម្អាតបទល្មើសនានា និងការជម្រះមន្ទិលសង្ស័យនានាចំពោះព័ត៌មានដែលទាក់ទងនឹងកិត្តិនាមរបស់កម្ពុជា គឺជាកត្តាចាំបាច់។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតីមាបប្រសាសន៍លើកឡើថា ដើម្បីជម្រុញកិច្ចការងារនេះឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្តេចធិបតីបានណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងនោះមានក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្ថាប័នពាក់ព័ន្ធ គណបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសនៅតាមបណ្តាតំបន់ទេសចរ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ៕