ដកហូតថ្នាំញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនជនបរទេស ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម
ភ្នំពេញ៖សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។
នៅថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមានលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ, លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងខេត្តកណ្តាល តំណាងលោក លីវ ស្រេង និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប។
ចំពោះលទ្ធផលនេះការបង្ក្រាបនេះ កម្លាំងជំនាញឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល, ខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ មានជនជាតិវៀតណាម១នាក់ និងចិន៥នាក់។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់៕SP