ចំនួននៃសត្វដែលមានក្រចកជើងជំពាមក្នុងដែនជម្រកសសត្វព្រៃកែវសីមា ស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ដោយសត្វប្រភេទនេះ ៥ ប្រភេទក្នុងចំណោម៦ប្រភេទបានថយចុះ និងចាប់ផ្តើមថយចុះ។នេះបើតាមការឱ្យដឹងរបស់ លោក នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពសត្វព្រៃសំខាន់ក្នុងដែនជម្រកកែវសីមា ២០១០-២០២០ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក នេត្រ ភត្រា បានបន្តទៀតថាក្រចកជើងជំពាមដូចជា សត្វឈ្លូស បានរងការប្រឈមយ៉ាងខ្លាំងពីការបរបាញ់ហើយចំនួនរបស់វាមានការថយចុះ៥០ភាគរយក្នុងចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ។ដោយឡែក ចាប់ពីឆ្នាំ២០២០មកប្រភេទសត្វរមាំង និងសត្វប្រើសគឺមានចំនួនទាបបំផុតទន្ទឹមនឹងនេះ ប្រភេទសត្វទន្សោង និងសត្វខ្ទីង គឺមានចំនួនទាបបំផុតដែលទៅអនាគតអាចនឹង មិនអាចគណនាចំនួនបានឡើយ។

ក្នុងសន្និសីទសារព័ត៌មាននេះដែរ លោក អូលី ហ្គ្រីហ្វ៊ីន អ្នកវិភាគទិន្នន័យនិងជាទីប្រឹក្សាបច្ចេកទេសនៃអង្គការWCS បានបន្ថែមថា ក្នុងដែនជម្រកសត្វព្រៃកែវសីមា ពពួកសត្វដែលរកស៊ីនៅលើដើមឈើដូចជា ពួកពានរដែលជិតផុតពូជបំផុត មកដល់ពេលនេះស្ថិតនៅក្នុងកម្រិតថេរ និងសត្វក្ងោកដែលជាប្រភេទជិតផុតពូជកើនឡើងវិញ ដោយឡែកសត្វព្រៃដែលជាពួកសត្វចូលចិត្តរកស៊ីលើដីដូចជា ប្រភេទសត្វក្តាន់ រមាំង និងប្រើស គឺកំពុងមានការថយចុះ។

ក្នុងរបាយការណ៍របស់អង្គការ WCSពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ បានឱ្យដឹងថាការថយចុះនៃចំនួនសត្វព្រៃនៃពពួកឈ្លូស ទន្សោង ខ្ទីង រមាំង និងប្រើសដែលត្រូវបានចាត់ទុកថាជាសត្វមាឌធំក្រចកជំពានគឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ ហើយប្រភេទសត្វទាំងនេះកំពុងមានចំនួនធ្លាក់ចុះស្ទើរទូទាំងតំបន់ការពារធម្មជាតិក្នុងប្រទេស។ជាមួយគ្នានេះ ប្រសិនបើគ្មានការកែលម្អក្នុងការងារគ្រប់គ្រងទេ ប្រភេទសត្វទាំង៤ប្រភេទនេះ និងអាចបាត់បង់ទាំងស្រុងពីតំបន់ការពារធម្មជាតិក្នុងរយៈពេលខាងមុខដូចពពួកគោព្រៃ ខ្លាធំ និងក្របីព្រៃជាដើម។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងរយៈពេល៩ខែ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៅតំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ