ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (De Montort) ដ៏ល្បីរបស់ចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា «កម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា»។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា - De Montfort University Cambodia» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាអតីតនិស្សិតដែលបានសិក្សានៅចក្រភពអង់គ្លេស សម្តេចបានលើកឡើងពីអនុស្សាវរីយ៍មួយដ៏ល្អ និងការពេញចិត្តបំផុត នៅក្នុងបទពិសោធនៃការសិក្សារៀនសូត្ររបស់សម្តេច ។ ដូច្នេះទើប សម្តេច បង្ហាញសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។

សម្ដេចធិបតី ក៏អាចមើលឃើញអត្ថន័យ ៤យ៉ាង ចំពោះសាកលវិទ្យាល័យ De Montfort នៅកម្ពុជា រួមមាន ៖ ទី១-វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរអាចចូលរៀនបាន , ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។

ទី២- សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា «ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា»។

ទី៣- សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និងបង្កើនសក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម ។

និងទី៤- សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថាកម្ពុជា ពោរពេញទៅដោយយុវជនដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍សហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា នេះជាការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពល កំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើអំណាចចាយវាយរបស់ទីផ្សារកម្ពុជាដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍន៍ជឿនលឿនសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ