ភ្នំពេញ៖ មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក ការជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ក្នុងរាជធានីភ្នំពេញចំនួន៣ទីតាំង ឃាត់ខ្លួនបានជនជាតិវៀតណាម៣នាក់ រឹបអូសថ្នាំញៀនជាង ២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាម។ នេះបើតាមព័ត៌មានផ្សព្វផ្សាយដោយ មន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២២ឧសភា ឆ្នាំ២០២៤.។

សមត្ថកិច្ចបានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ៣គោលដៅផ្សេងគ្នា។ គោលដៅទី១.តាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ គោលដៅទី២.នៅខុនដូរខាឡា(CALLA) បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងគោលដៅទី៣.ខុនដូរTime Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ 

ចាប់ខ្លួនជនជាតិវៀតណាម៣នាក់ ស្រីម្នាក់រួមមាន៖ ទី១.ឈ្មោះ ង្វៀង ម៉ាញ់ហា អាយុ៣០ឆ្នាំ។ ទី២.ឈ្មោះ យឿង ឌឹក អាយុ៣៦ឆ្នាំ និង ទី៣.ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ។


ចំពោះវត្ថុតាងរឹបអូសបានគ្រឿងញៀនសរុប ២៥គីឡូនិង១០២,២ក្រាម រួមមាន៖ មេតំហ្វេតាមីន (MDMA) ទម្ងន់ជាង១៥គីឡូក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់ជាង២គីឡូក្រាម, កេតាមីន (KETAMINE) ទម្ងន់ជាង៧,២២គីឡូក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន Heroine ទម្ងន់៣១,២១ក្រាម។ ទន្ទឹមគ្នានោះ អាជ្ញាធររឹបអូសបាន សារធាតុគីមីផ្សំទម្ងន់សរុប៨១គីឡូនិង៤៩០,៨៤ក្រាមផងដែរ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។ គួរជម្រាបថា រយៈពេល៣ខែនៅដើមឆ្នាំ២០២៤ មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា បង្ក្រាបបានបទល្មើសគ្រឿងញៀនជិត១៨១ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៥៤៨នាក់ និងរឹបអូសគ្រឿងញៀនបានជិត២តោន។ នេះជាការលើកឡើងរបស់មន្ត្រីប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំត្រីមាសទី១ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ