ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ នឹងបន្តជ្រោងកាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ។អភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

នាឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រយៈពេល២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាការពិតសមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល និង តទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ច ការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ។


សម្ដេចធិបតី បន្ដថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់៤ រួមមាន៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។

សម្ដេចធិបតី មានប្រសាសន៍ថា «ឈរលើមូលនេះ ខ្ញុំ សូមគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ ស្មារតីនៃការកែទម្រង់ និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ