វៀតណាម៖ ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីរុស្ស៊ី ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរួមគ្នា ដែលធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះផងដែរ ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ហើយមានអនុស្សរណៈស្តីពី ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤។
វិទ្យាស្ថានថាមពលអាតូមិចវៀតណាម (VINATOM) បានប្រកាសថា រុស្ស៊ី នឹងជួយរដ្ឋាភិបាលក្រុងហាណូយអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដោយក្នុងនោះមានការសាងសង់រោងចក្រស្រាវជ្រាវថាមពលនុយក្លេអ៊ែរទំហំ ១០មេហ្គាវ៉ាត់ និងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យនុយក្លេអ៊ែរ។
លោក Tran Chi Thanh នាយក VINATOM ដែលស្ថិតនៅក្រោមក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រវៀតណាម បានប្រកាសថា នេះគឺជាលើកដំបូងហើយ ដែលវៀតណាមអាចអនុវត្តគម្រោងកសាងរោងចក្រស្រាវជ្រាវថាមពលនុយក្លេអ៊ែរខ្នាតធំបែបនេះ។ លោកបន្តថា គម្រោងនេះនឹងមានការគាំទ្រពីក្រុមហ៊ុនសាជីវកម្មថាមពលអាតូមិចរដ្ឋរុស្ស៊ី ROSATOM ផ្អែកតាមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលកាលពីឆ្នាំ២០១១រវាងទីក្រុងហាណូយ និងក្រុងមូស្គូ។
រោងចក្រនុយក្លេអ៊ែរថ្មីនេះ នឹងត្រូវសាងសង់ឡើងក្នុងខេត្ត Dong Nai ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ជំនួសឲ្យដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរបច្ចុប្បន្ន ដែលស្ថិតនៅក្នុងទីក្រុង Da Lat ខេត្ត Lam Dong។
បន្ថែមពីការសង់រោងចក្រ រុស្ស៊ីក៏នឹងជួយវៀតណាមបង្កើតក្រុមអ្នកជំនាញការលើរូបវិទ្យារ៉េអាក់ទ័រនុយក្លេអ៊ែរ, ការផលិតវិទ្យុសកម្មអ៊ីសូតូប, ការស្រាវជ្រាវវត្ថុធាតុដើម, ការស្រាវជ្រាវនិងវិភាគសកម្មភាពនុយក្លេអ៊ែរ, សុវត្ថិភាពនុយក្លេអ៊ែរ, និងការការពារបរិស្ថាន។
លោក Dmitry Chernyshenko ឧបនាយករដ្ឋមន្ត្រីរស្ស៊ី បានថ្លែងតាមរយៈសារព័ត៌មាន TASS ថា ថាមពលនុយក្លេអ៊ែរ នឹងដើរតួនាទីសំខាន់នៅក្នុងប្រទេសវៀតណាម ដើម្បីធានាឲ្យបាននូវអធិបតេយ្យភាពថាមពលរបស់ខ្លួន ក៏ដូចជាសម្រេចឲ្យបាននូវគម្រោងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្ននេះបណ្ដាប្រទេសជាច្រើនក្នុងអាស៊ីកំពុងងាកមកប្រើប្រាស់ថាមពលដែលផ្គត់ផ្គង់ដោយបច្ចេកវិទ្យានុយក្លេអ៊ែរវិញ ព្រោះវាអាចផ្ដល់អគ្គិសនីដែលមានស្ថិរភាពល្អ និងមិនប៉ះពាល់បរិស្ថាន៕