កំពង់ស្ពឺ ៖ វេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរភាពលេចធ្លោរបស់រដ្ឋបាលខេត្ត ដែលអនុវត្តគោលការណ៍តឹងរឹងមិនឲ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាលទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយនៅតាមទីតាំងឯកជនដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។ 

ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងស៊ីសង ដោយការងារនេះ គណៈអភិបាលខេត្តត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។

ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។

ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំអភិបាលខេត្តថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ