មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ និងរាប់ពាន់នាក់រងរបួស ក្នុងការរញ្ជួយដីជាច្រើនកន្លែងនៅប្រទេសជប៉ុន
ជប៉ុន៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីជាច្រើនកន្លែងនៅប្រទេសជប៉ុន កើនឡើងដល់១៣នាក់ហើយ។ ចំនួននេះគិតតែសាកសពដែលគេបានរកឃើញតែប៉ុណ្ណោះ។ នៅក្នុងចំណោមនោះ ជនរងគ្រោះម្នាក់ជាបុរសវ័យចំណាស់ត្រូវគេជួយយកចេញពីផ្ទះដែលបាក់រលំ។ ប៉ុន្តែគួរឱ្យស្ដាយ គេមិនអាចជួយគាត់ឱ្យរួចផុតពីសេចក្ដីស្លាប់បានទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានNHK នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤។
ក្រៅពីនេះ មនុស្សរាប់សិបនាក់ទៀតរងរបួសនៅក្នុងខេត្តចំនួន៤ទៀតរួមទាំងខេត្តតូយ៉ាម៉ា (Toyama) និងខេត្តនីអ៊ីហ្កាតា (Niigata) ផងដែរ។
ទីភ្នាក់ងារពន្លត់អគ្គិភ័យកំពុងចុះទៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះមនុស្សមួយចំនួនដែលគាបជាប់នៅក្នុងគំនរបាក់បែក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជប៉ុនអឹនអេចខេ (NHK)។ ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនេះ ផ្ទះរបស់អ្នកស្រុកជាង៤៥០០០ខ្នងនៅខេត្តអ៊ីស៊ីកាវ៉ា (Ishikawa) ត្រូវដាច់ភ្លើងក្រោយការរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រនេះ។ ក្រសួងការពារជាតិជប៉ុនបញ្ជូនកងទ័ព១ពាន់នាក់ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះ និងជួសជុលការខូចខាតឡើងវិញ៕