ភ្នំពេញ៖ក្រោយពិនិត្យឃើញមានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមទាក់ទងនឹងបណ្ណបើកបរអន្តរជាតិ ដែលមានលក្ខណៈស្រដៀងនឹងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ តាមរយៈបណ្ដាញសង្គមដែលមានឈ្មោះ ថា «IAA international driving license ប័ណ្ណបើកបរអន្តរជាតិ» ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំមានការភាន់ច្រឡំសៀវភៅបកប្រែនេះ ជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងបានបញ្ជាក់ទៀតថា យោងតាមប្រកាសលេខ ០៣២ ប្រក.សក.ដជគ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ដីពីនីតិវិធីនៃការចេញបណ្ណ អនុញ្ញាតបើកបរអន្តរជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលស្គាល់លើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងហ្សឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដែលមាន សុពលភាព០១ឆ្នាំ និងអាចបើកបរបាន១០៣ប្រទេស តែប៉ុណ្ណោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង នៅតាមបណ្ដាទីតាំងផ្តល់សេវាដែលបានកំណត់ ដោយត្រូវជៀសវាងការ ប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូល រួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ