ភ្នំពេញ ៖ លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា មានអង្គភាព សេដ្ឋកិច្ច សរុបទាំងអស់ចំនួន ៧៥៣ ៦៧០ កើនឡើង ៤៩% ធៀបនឹងជំរឿនសេដ្ឋកិច្ច ឆ្នាំ២០១១ ហើយស្រូបយកកម្លាំងពលកម្ម ចំនួន ២,៩៨លាននាក់។

នាឱកាសអញ្ជើញចូលរួមប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្ដីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក ប៊ិន ត្រឈៃ រដ្ឋមន្ដ្រីក្រសួងផែនការ បានថ្លែងថា «លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា អង្គភាព សេដ្ឋកិច្ចសរុបទាំងអស់មាន ចំនួន ៧៥៣ ៦៧០ ដែលកើនឡើង៤៩% បើធៀបនឹងជំរឿនសេដ្ឋកិច្ច ឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់ នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ច ដែលមានភាពជាម្ចាស់តំណាងជាស្ត្រី អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់»។

លោករដ្ឋមន្ដ្រី បន្ដថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។ លើសពីនេះ ចំនួនអង្គភាពសេដ្ឋកិច្ច ត្រូវបានបែងចែកតាមរាជធានី-ខេត្ត និងតាមទំហំនៃអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច, តាមចំណាត់ថ្នាក់នៃវិស័យសកម្មភាពសេដ្ឋកិច្ច, និងតាមចំណូល-ចំណាយរបស់អង្គភាពសេដ្ឋកិច្ច។

លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រថវិកាទាំងស្រុងសម្រាប់ការអនុវត្តការងារជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២។ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណផងដែរដល់ធនាគារពិភពលោក ទីភ្នាក់ងារអូស្ត្រាលីសម្រាប់កិច្ចការអន្តរជាតិ និងពាណិជ្ជកម្ម ព្រមទាំង ដៃគូអភិវឌ្ឍដទៃទៀត ចំពោះការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្ត ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ រហូតសម្រេចបានជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ