សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ជាពិសេសការផលិតទិន្នផលកសិកម្មឱ្យជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ
ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក អ៉ិកាវ៉ា ណោគិ បានជម្រាបអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន Ehime Package ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ehime Package និងការអរគុណចំពោះបទពិសោធន៍ និងការយល់ឃើញប្រកបដោយសុទិដ្ឋិនិយមចំពោះសក្តានុពលរបស់ប្រទេសកម្ពុជា ។
សម្តេចធិបតី ក៏បានបន្ថែមថា ស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួប ៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន និងក៏ជាឆ្នាំដ៏ពិសេសនៃការដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” សម្តេចធិបតី ក៏បានលើកឡើងអំពីគម្រោងនៃជំនួបទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ទិសដៅនៃការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិស័យឯកជន ។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានសម្តែងការចាប់អារម្មណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតក្រដាសចេញពីផលិតផលកសិកម្ម ស្របពេលដែលវិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញការផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ ដោយក្នុងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួន រួមមានជាអាទិ៍ ការពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំ ទូទាំងប្រទេសដើម្បីជួយដល់ប្រជាកសិករ និងការបង្កើតនូវសហគមន៍កសិកម្មទំនើប ជាដើម ៕EB