សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែង នៅលើឆាកអន្តរជាតិ និងពុំមានសុខភាពល្អគ្រប់គ្រាន់។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមាន ចំណេះដឹង និង សមត្ថភាព ជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាង មូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង»។
សម្ដេចធិបតី បន្ដថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺមិនមែនជាការដៃចន្យទេ ជាពិសេសគឺកត្តាមនុស្សដែលត្រូវបានចាប់យកជាអាទិភាពគន្លឹះខ្ពស់បំផុត។ សម្ដេច ថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹង មិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅ ឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០៕EB