សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការគិតគូទាញយកផលរួម ពីប្រេងកាត នៅតំបន់ត្រួតស៊ីគ្នា ជាប្រយោជន៍សេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជាមានម្ចាស់ការលើវិស័យថាមពល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នា នូវចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈសម្តេចធិបតីអះអាងថា ជាការទាញយកប្រយោជន៍សេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។
ការចេញមកបកស្រាយ របស់សម្តេចធិបតីបែបនេះ បន្ទាប់ពីមានក្រុមជ្រុលនិយម ចាំតែរិះគន់សម្តេចជាមួយនឹងកិច្ចការដែលសម្តេចបានខិតខំស្វែងរក ដើម្បីជាប្រយោជនន៍ដល់ជនរួមជាតិកន្លងមកថា ប្រសិនបើសម្តេច ទៅទៅពិភាក្សាកិច្ចការនៅតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះ ប្រៀបបានជាការលក់ទឹកដី ស្មើនឹងទង្វើក្បត់ជាតិ ។
ក្នុងឱកាសអញ្ជើញ “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈនេះ សម្តេចធិបតី បានបញ្ជាក់ថា "កិច្ចការមួយទៀត ដែលយើងបានឯកភាពគ្នា ដែលគាំង២០ឆ្នាំហើយ គឺការឯកភាពគ្នា ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃប្រេងកាតដែលយើងមាន"។
សម្តេចនាយករដ្ឋមន្ត្រីបាន បន្តថា "អានឹងហើយ ដែលគេជេខ្ញុំថា ក្បត់ជាតិ ។ ឥឡូវគេថា បើសិនរដ្ឋាភិបាលខ្មែរ ហ៊ានទៅធ្វើការជាមួយថៃ ដើម្បីអភិវឌ្ឍន៍តំបន់ត្រួតស៊ីគ្នានឹង ជាអំពើក្បត់ជាតិ ព្រោះនឹងត្រូវលក់ទឹកដី លក់អី ។ ខ្ញុំសូមប្រាប់បែបនេះ ខ្ញុំពន្យល់ ហើយថ្ងៃនេះ ក៏បញ្ជូនសារទៅឲ្យហើយ ក៏ដូចជាប្រជាជនយើងបានយល់ ថាតំបន់ត្រួតស៊ីគ្នានេះ វាមានកត្តាពីរ ដែលពាក់ព័ន្ធ ទី១គឺរឿងប្រេង ទី២ គឺរឿងព្រំដែនទឹក កិច្ចការងារព្រំដែនទឹកយើង ត្រូវបន្តចរចារ ដោយប្រុងប្រយ័ត្ន និងដើម្បីការពារ ផលប្រយោជន៍ជាតិ អធិបតីតេយ្យភាពជាតិ ខាងថៃក៏ដូចគ្នា យើងត្រូវចរចារការងារ ផ្អែកទៅលើបច្ចេកទេស និងប្រើពេលយូរ ប៉ុន្តែពេលជាមួយគ្នា យើងក៏ដឹងថា នៅក្នុងតំបន់នឹង គឺមានប្រេងកាត ហើយប្រេងកាតនេះ មិនមែនតែនៅក្នុងដីពីណានោះទេ គឺតាមបច្ចេកទេសសិក្សារួចទៅ គឺថាមួយធុងនឹង វានៅកន្លែងយើង នៅដីយើងខ្លះ នៅខាងថៃខ្លះ គ្រាន់តែព្រំខាងលើ ប៉ុន្តែជាបច្ចេកទេសយើងបានដឹងហើយ" ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា "សួរថាហេតុអ្វីបានជាយើងត្រូវពិចារណា ទៅលើរឿងនេះ សន្តិសុខថាមពល គឺជាយុទ្ធសាស្ត្រយូរអង្វែង របស់កម្ពុជា និងថៃដូចគ្នា គ្មានអ្វីធ្វើបាន គ្មានអ្វីទៅរួច បើគ្មានថាមពលនោះទេ មនុស្សយើងក៏ត្រូវការថាមពលដែរ ។ អាគារនេះដើរ ម៉ាស៊ីត្រជាក់ដើរ ត្រូវការភ្លើងអគ្គិសនី រោងចក្រសហគ្រាសទាំងអស់ ដែលត្រូវដើរឥឡូវ ត្រូវការថាមពលអគ្គិសនី អគ្គិសនីផលិតដោយសូឡាក្តី ផលិតដោយអ្វីក្តី ផលិតដោយឧស្ម័នក្តី ចឹងដើម្បីកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន ត្រូវការថាមពល"។
បើទោះបីជាថាមពលមួយចំនួន កម្ពុជា អាចផលិតបានដោយខ្លួនឯងខ្លះក៏ដោយ ក៏សម្តេចធិបតី នៅតែបញ្ជាក់ថា កម្ពុជា នៅតែត្រូវនាំចូលពីប្រទេសជិតខាង ។ តែយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា "ក្រៅពីនេះយើងត្រូវការប្រេង រាវ និងឧស្ម័ន ។ ចឹងជាយុទ្ធសាស្ត្រយើងត្រូវការ រាល់ថ្ងៃប្រសិនបើយើង ត្រូវការពឹងផ្អែកនាំចូល ពីក្រៅប្រទេស ពីឆ្ងាយច្រើនពេក តម្លៃក៏ដូចជាភាពនឹងនររបស់វា ក៏លំបាក"។
សម្តេចធិបតី បានលើកជាឧទាហរណ៍ថា គ្រាន់តែសង្គ្រាមនៅមជ្ឈឹមបូព៌ា និងនៅសមុទ្រក្រហម បានធ្វើឲ្យថ្លៃដឹកជញ្ជូនមានការកើនឡើង និងចំណាយពេលយូរជាងមុនបាត់ទៅហើយ ។
សម្តេចបានគូសបញ្ជាក់ថា "ប្រសិនបើយើងគ្មានលទ្ធភាព ដកដង្ហើមតាមបក្រចុះខ្លួនឯងទេ ពឹងពីលើខ្យល់ពីខាងក្រៅ លើឧស៊ីសែន ឬមួយខ្យល់ទុយោពីក្រៅ យើងអាចលំបាក អត់អាចម្ចាស់ការ ចឹងត្រូវកាត់បន្ថយ សមត្ថភាព និងការពឹងផ្អែក ទៅលើអ្វីដែលនៅឆ្ងាយខ្លួន ហើយពឹងខ្លួនឯង ក្នុងនោះវិស័យថាមពលរបស់យើងនេះឯង ។ ការទាញយកថាមពលទាញយករួមគ្នា បើកច្រកដើម្បីរួមគ្នា សិក្សានិងទាញយកផលប្រេង ដែលយើងមានរួមគ្នា គឺផ្តល់ឲ្យទាំងប្រទេសកម្ពុជា និងថៃ នូវប្រភពមួយ លទ្ធផលភាពមួយ ដកដង្ហើមតាមច្រមុះខ្លួនឯង នៅថ្ងៃអនាគត"៕EB