បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានធ្វើការរឹតបន្តឹងសោរ ឱ្យកាន់តែខ្លាំងលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់លើកទី៤ និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់យុវជនផ្តាច់គ្រឿងញៀនចំនួន១៦៦នាក់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ។

ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង វេជ្ជបណ្ឌិត កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌល បានទទួលជនរងគ្រោះដោយសារញៀនគ្រឿងញៀន សរុបចំនួន១.១១៥ នាក់ ស្ត្រី៦១នាក់ ព្រមទាំងបានធ្វើសមាហរណកម្មឱ្យវិលត្រឡប់ទៅរស់នៅជាមួយអាណាព្យាបាលនិងក្រុមគ្រួសារវិញ ចំនួន ៧០៤ នាក់ ស្ត្រី៤៤នាក់ និងកំពុងស្នាក់នៅជាក់ស្តែងក្នុងមជ្ឈមណ្ឌល ចំនួន៤១១នាក់ ស្ត្រី១៧នាក់ ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញថា រយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រឿងញៀននិងសារធាតុផ្សំ ជាពិសេសគ្រឿងញៀន អាចបំប្លែងប្រើប្រាស់បាន ដែលអាជ្ញាធរសមត្ថកិច្ចចាប់រឹបអូសបានប្រមាណ ៥.២តោន ហើយបើគ្រឿងញៀន ៥.២ តោននេះបានសាយភាយទៅដល់ក្នុងសហគមន៍ទូទាំងប្រទេស២៥ រាជធានី ខេត្ត ធ្វើឱ្យយុវជនរាប់សែននាក់ នឹងត្រូវទទួលផលអវិជ្ជមានពីបញ្ហានេះ ។

តាមរយៈមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿងញៀន កែ ស៊ីនួន ក៏ដូចជាការប្តេជ្ញាចិត្តរបស់ក្រុមយុវជនផ្តាច់សារធាតុគ្រឿងញៀន ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះមជ្ឈមណ្ឌល ព្រោះមជ្ឈមណ្ឌលនេះ គឺជាតួអង្គជាភ្នែកច្រមុះរបស់អាជ្ញាធរ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្តល់នូវព័ត៌មាន ដែលពាក់ព័ន្ធនឹងការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដល់សមត្ថកិច្ចមានវិធានការបន្ទាន់ ដើម្បីកុំឱ្យមានការជួញដូរ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍របស់យើង ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា បញ្ហាគ្រឿងញៀននេះ យើងត្រូវចូលរួមទាំងអស់គ្នា មិនមែនជារបស់តុលាការ រដ្ឋបាលខេត្ត សមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថដាច់មុខនោះទេ គឺជាកិច្ចរបស់យើងទាំងអស់គ្នា រួមជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ហើយក្នុងនោះខាងសហភាព សហព័ន្ធយុវជនកម្ពុជា ក្រៅពីការធ្វើការងារមនុស្សធម៌ ក៏បានចូលរួមធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ក៏ដូចការជួញដូរគ្រឿងញៀននេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ