សៀមរាប ៖ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនានៅកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យលុបគោលការណ៍ ដែលកំណត់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាកម្ពុជា ត្រូវសម្រាកមួយយប់។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨ ដែលអនុក្រឹត្យមួយបានចែងថា ភ្ញៀវទេសចរណ៍ដែលមកទស្សនា ត្រូវតែសម្រាកយ៉ាងហោចមួយយប់ ។ អីចឹងទេត្រូវបំ ពេញទម្រង់បែបបទច្របូកច្របល់ ស្មុគស្មាញ អីចឹងភ្ញៀវមួយចំនួនគាត់អត់មក ! គាត់ពិបាក ហើយពេលខ្លះមានរឿងទៀត»។
សម្តេចធិបតី បន្តថា ការសម្រេចឲ្យលុបនេះ ដោយសារអនុក្រឹត្យមានរយៈពេលជិត៣០ឆ្នាំ ហើយមិនត្រូវតាមស្ថានភាពបច្ចុប្បន្ននេះទៀតទេ ដូច្នេះ ភ្ញៀវទេសចរគេចង់មកមួយល្ងាច ឬមកហូបគុយទាវ មួយចានហើយទៅវិញក៏បាន នេះបង្ហាញពីភាពងាយស្រួលដល់ពួកគាត់។
សម្តេច នាយករដ្ឋមន្ត្រី ថា «អ្នកខ្លះគេមកពីអឺរ៉ុប ហើយចង់ចូលកម្ពុជាមួយភ្លេចហើយទៅវិញ។ អីចឹងខ្ញុំសម្រេចឲ្យធ្វើនិរាករណ៍អនុក្រឹត្យនេះចោល។ ការលុបនិរាករណ៍ចោលនេះ ព្រោះថាមិនសំខាន់នោះទេ ព្រោះថាយើងមិនត្រូវរើស ឬប្រកាន់ភ្ញៀវទេសចរណ៍នោះទេ ។ ផ្ទុយទៅវិញយើងបានកំពុងតែធ្វើឲ្យ មានការហោះហើរមកត្រង់ពី បណ្តាប្រទេសនានាមកកម្ពុជាតែម្តង ដូចជាពីប្រទេសឥណ្ឌា ម៉ាឡេស៊ី កូរ៉េ»។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានបើកជើងមេឃ ក្នុងនោះរាជរដ្ឋាភិបាលបានកំពុង តែគិតពីការចំណាយរបស់យន្ត ហោះពេលចុះចត ទោះបីជារដ្ឋត្រូវចំណាយខាតខ្លះក្តី។
ក្នុងឱកាសនោះដែរ ដើម្បីឲ្យការធ្វើដំណើរបានលឿន និងកាត់បន្ថយការចំណាយថវិកា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងយ៉ាងដូច្នេះថា «ពេលនេះយើងកំពុងតែពិនិត្យក្នុងការ ដាក់ដំណើរការឲ្យមានរថភ្លើងល្បឿនលឿន និងការពង្រីកផ្លូវ។ ប៉ុន្តែវាមានការយឹតបន្តិច តែអ្វីនៅចំពោះមុខថាយើងត្រូវធ្វើអ្វី? ដើម្បីស្របតាមស្ថានភាព»៕