រដ្ឋាភិបាលវៀតណាម បានប្រកាសពីគម្រោងរំលាយក្រសួង៥ចោលរួចច្របាច់បញ្ចូលគ្នា ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី
វៀតណាម៖ រដ្ឋាភិបាលវៀតណាម បានប្រកាសពីគម្រោងរំលាយចោលក្រសួងចំនួន៥ ដោយយកទៅ ច្របាច់បញ្ចូលជាមួយក្រសួងនានាវិញ ក្នុងការរុះរើទ្រង់ទ្រាយធំ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធនយោបាយ។នេះបើតាមការចុះផ្សាយរបស់ VN Express នៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៤។
ប្រធានគណៈកម្មាធិការមជ្ឈិមបក្សលោក Le Minh Hung និយាយថា ក្នុងគម្រោង, ក្រសួងផែនការនិងវិនិយោគ នឹងត្រូវច្របាច់បញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ, ក្រសួងដឹកជញ្ជូននឹងច្របាច់បញ្ចូលជាមួយក្រសួងសំណង់, ក្រសួងព័ត៌មាននិងទំនាក់ទំនងនឹងដាក់បញ្ចូលជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ត្រូវដាក់បញ្ចូលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ចំណែកក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងត្រូវរំលាយ ហើយផ្ទេរភារកិច្ចទៅឲ្យក្រសួងដទៃទៀត។
មិនត្រឹមប៉ុណ្ណឹង សូម្បីរដ្ឋសភា ក៏នឹងត្រូវរំលាយគណៈកម្មការចំនួន៤ចោលផងដែរ ហើយគណៈកម្មាធិការនិងភ្នាក់ងារបក្សទាំងអស់ ត្រូវតែពិនិត្យរចនាសម្ព័ន្ធថ្មីរបស់ខ្លួនឲ្យបានស្រេចបាច់ រួចបញ្ជូនរបាយការណ៍ទៅគណៈកម្មាធិការដឹកនាំ ឲ្យបានមុនថ្ងៃទី៣១ខែធ្នូឆ្នាំនេះ។
របាយការណ៍ចុងក្រោយនឹងត្រូវពិនិត្យដោយការិយាល័យនយោបាយនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥ មុនត្រូវអនុម័តដោយគណៈកម្មាធិការមជ្ឈិមបក្សនៅខែមីនា៕