ភ្នំពេញ ៖ ថ្លែងចំពោះប្រជាពលរដ្ឋខ្មែរជាង ៤ម៉ឺននាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ។

សម្ដេចធិបតី បន្ដថា ផ្ទុយទៅវិញ ក្រោយគម្រោងនេះ សាងសង់រួចរាល់ហើយនោះ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រងដោយក្រុមហ៊ុនខ្មែរ។

ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង នឹងធ្វើឲ្យខ្មែរសង្ស័យរឿងបាត់អធិបតេយ្យជាតិ បានឃើញច្បាស់ និងលែងសង្ស័យ ហើយក៏នាំឲ្យពលរដ្ឋខ្មែរបានផលប្រយោជន៍ផងដែរ។

សម្ដេចធិបតី បន្ដថា ដើម្បីបញ្ជាក់ឲ្យច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឲ្យបាត់បង់អធិបតេយ្យជាតិ គឺត្រូវនាំគ្នាធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ ធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជា នឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំ ហ៊ានធានា»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រយៈពេល ៥ឆ្នាំក្រោយ បន្ទាប់ពីព្រែកជីកហ្វូណនតេជោ នេះ សាង់សង រួច ធ្វើឲ្យបាត់បង់ទឹកដីនោះ សូមប្រជាពលរដ្ឋខ្មែរ មករករឿង សម្ដេច ចុះ។

សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹក ធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីក តម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ