កូរ៉េខាងជើង ចេញច្បាប់ថ្មី ជនណាដែលទទួលទានហតដក (Hotdog) តាមផ្ទះ ឬលក់តាមផ្លូវ ស្មើនឹងការប្រព្រឹត្តអំពើក្បត់ជាតិ
កូរ៉េខាងជើង ៖ លោក គីម ជុងអ៊ុន កូរ៉េខាងជើង បានដាក់ចេញច្បាប់ថ្មី ហាមឃាត់ការទទួលទានហតដក ដែលជាប្រភេទអាហារដ៏ពេញនិយមមួយនៅលោកខាងលិច។
តុលាការកូរ៉េខាងជើង បានប្រកាសថា ជនណាដែលទទួលទានហតដកតាមផ្ទះ ឬលក់តាមផ្លូវ ស្មើនឹងការប្រព្រឹត្តអំពើក្បត់ជាតិ រួចនឹងត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ជុំរុំពលកររបស់រដ្ឋកុម្មុយនិស្ត ដែលអង្គការសហប្រជាជាតិបានឲ្យដឹងថាជាកន្លែងពោរពេញទៅដោយអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៥ ក្រឹត្យនេះជាការអនុវត្តថ្មីចុងក្រោយបំផុតរបស់ក្រុងព្យុងយ៉ាង ក្នុងការបង្រ្កាបអ្វីដែលខ្លួនមើលឃើញថាជាការឈ្លានពាននៃវប្បធម៌លោកខាងលិច។
ហតដក មិនមែនជាអាហារតែមួយគត់ ដែលលោក គីម បានហាមប្រាមនោះទេ។ កន្លងមក មេដឹកនាំកូរ៉េខាងជើង បានហាមឃាត់ការលក់អាហារមួយចំនួនផ្សេងទៀត ដូចជា ប្រភេទមីហឹរ budae-jjigae និងនំ tteokbokk ដែលជាអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង៕