សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន២ គឺខេត្តសៀមរាប និងព្រះសីហនុ ដើម្បីពន្លឿនសកម្មភាពអភិវឌ្ឍកាន់តែខ្លាំងក្លា ហើយអាចទាញការអភិវឌ្ឍទូទាំងប្រទេស
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំណត់យកប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួន២ គឺខេត្តសៀមរាប និងព្រះសីហនុ សម្រាប់ការប្រើវិធានការពិសេស ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា ហើយទាញការអភិវឌ្ឍទូទាំងប្រទេស។
នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល ដាក់គោលដៅចំនួន២ រួមមាន ៖ ខេត្តសៀមរាប រៀបចំកម្មវិធីទស្សនាសៀមរាប ២០២៤, កម្មវិធីពិសេស ជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ ពិតណាស់គ្រប់កន្លែងទាំងអស់សុទ្ធតែមានជាចលករសម្រាប់ជំរុញសេដ្ឋកិច្ច។ ដូច្នេះ ក្នុងប៉ូលទាំង ៥នេះ គឺកំណត់យកប៉ូលទី២ និងទី៣ គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅសម្រាប់ប្រើកម្លាំងបន្ថែម។
សម្ដេចធិបតី គូសបញ្ជាក់ថា «ចឹងឆ្នាំ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយក្នុងនៅវិស័យសំខាន់ដែលពាក់ព័ន្ធនឹងសក្តានុពលនេះ ដើម្បីធ្វើយ៉ាងណាជំរុញ ពន្លឿន ការអភិវឌ្ឍកន្លែងនេះ អាចជា ប៉ូលមួយ យោងឡើងខ្ពស់ ហើយអាចទាញការអភិវឌ្ឍទូទាំងប្រទេស»។
ទន្ទឹមនឹងនេះ សម្តេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងបន្ថែមថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។ សម្តេច ថា ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។
សម្តេចធិបតី បន្ថែមថា កម្មវិធីសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤នេះ អាចដោះស្រាយបញ្ហាចំពោះមុខ និងប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ៕