ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយ បណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពនៅក្នុង សង្គមជាតិនិងសាកលលោក។

យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តម បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបាននូវព្រះរាជបរមងារកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។

សូមបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស គ្រឹះស្ថានសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បី ឲ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទ។

ក្រសួងធម្មការ និងសាសនា ត្រូវរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ទីស្តីការ គណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ស្របតាម ស្ថានភាពជាក់ស្តែងនៃការវិវត្តនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅតាមបណ្តាប្រទេសអ្នកកាន់ ព្រះពុទ្ធសាសនា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ