ក្រុងព្យុងយ៉ាងបានប្ដេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍បន្ថែមទៀត ដើម្បីតាមដានសកម្មភាពយោធាសត្រូវរបស់ខ្លួន
កូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបាននិយាយថាទីក្រុងព្យុងយ៉ាងបានប្ដេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍បន្ថែមទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពយោធារបស់សត្រូវ។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទអត្ថាធិប្បាយមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាផ្កាយរណបស៊ើបការណ៍បន្ទាប់នឹងត្រូវយកគំរូតាម ផ្កាយរណប Malligyong-1 ដែលទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះកាលពីខែវិច្ឆិកាកន្លងទៅ ហើយដែលត្រូវបានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោស និងចាត់ទុកថាជាការបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយចេញផ្សាយដោយ KCNA លោក Ro Ju Hyon ជាអ្នកវិភាគកិច្ចការអន្តរជាតិម្នាក់របស់ កូរ៉េខាងជើង ក៏បានរិះគន់កូរ៉េខាងត្បូងផងដែរសម្រាប់ការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ ការរិះគន់នេះធ្វើឡើងដោយផ្អែកលើអត្ថបទមួយ ចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីដើមសប្ដាហ៍កន្លងទៅនេះជាមួយការរាយការណ៍ថាកូរ៉េខាងត្បូង បានផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រដោយប្រយោលទៅឱ្យអ៊ុយក្រែន៕