តើមេដឹនាំរុស្ស៊ី ទៅប្រទេសកូរ៉េខាងជើងដើម្បីអ្វី? ហើយប្រទេសរុស្ស៊ី ទទួលបានផលប្រយោជន៍អ្វីខ្លះពីប្រទេសឯកកោរមួយនេះ?
កូរ៉េខាងជើង៖ នៅថ្ងៃនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើង និងស្នាក់នៅមួយយប់ រួចទើបបន្តដំណើរទៅកាន់ប្រទេសវៀតណាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង, លោក Yuri Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ីបានឱ្យដឹងថា មេដឹកនាំនៃប្រទេសទាំង២ នឹងចុះហត្ថលេខាលើឯកសារមួយលើសពីនេះ គណៈប្រតិភូរុស្ស៊ី ក៏នឹងចូលរួមកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងស្តីពីបញ្ហាមួយចំនួន ដូចជាទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ហើយអ្វីដែរសំខាន់ គឺកូរ៉ខាងជើង គឺជាប្រភពជំនួយសព្វាវុធដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងសង្គ្រាមជាមួយ អ៊ុយក្រែន បើតាមរបាយការណ៍របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបាននិងកំពុងដឹកសព្វាវុធឲ្យរុស្ស៊ីក្នុងចំនួនមិនតិចនោះទេ ដោយយ៉ាងហោចណាស់ក៏មាន ១ម៉ឺនកុងតឺន័រដែរ។
កូរ៉េខាងជើងបានលួចដឹកអាវុធជាង ១០០០កុងតឺន័រឲ្យទៅរដ្ឋាភិបាលក្រុងមូស្គូ សម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាម។ លុះមកដល់ខែមីនា ឆ្នាំ២០២៤ អាមេរិកបានបញ្ជាក់ថា អាវុធដែលកូរ៉េខាងជើងលួចដឹកឲ្យទៅរុស្ស៊ី មានជិត៧០០០កុងតឺន័រ ក្នុងនោះក៏មាន អាវុធដែលដោះដូរ អាចមានដូចជា មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ទៅអាកាស កាំភ្លើងធំ កាំភ្លើងវែង ប្រព័ន្ធបាញ់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំ ជាដើម។
អាវុធដែលកូរ៉េខាងជើង ដឹកទៅរុស្ស៊ី អាចជាប្រភេទគ្រាប់កាំភ្លើងធំប្រវែង ១៥២មិល្លីម៉ែត្រ ក្នុងចំនួន ៣លានគ្រាប់ ឬក៏ជាប្រភេទគ្រាប់រ៉ុក្កែតប្រវែង ១២២មិល្លីម៉ែត្រ ក្នុងចំនួនច្រើនជាង ៥០ម៉ឺនគ្រាប់។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរលើកដំបូងរបស់លោកពូទីនទៅកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០០មក ដោយកាលនោះ ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយលោកគីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់មេដឹកនាំ គីម ជុងអ៊ុន៕